កីឡដ្ឋានក្រុងម្យ៉ាវ៉ាឌី ពេលនេះមិនមែនទុកសម្រាប់ទាត់បាល់ទៀតទេ។ ដោយសារតែយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារវាងចិន ភូមា និងថៃ កាន់តែឆាបឆេះខ្លាំងឡើងៗ ជម្រកធំៗដូចជាតំបន់ KK Park និងតំបន់ Shwe Kokko ត្រូវគេវាយបំបែក និងរុះរើជាបន្តបន្ទាប់។ កងកម្លាំងប្រដាប់អាវុធក្នុងស្រុកនៅរដ្ឋកាយិន ដូចជាក្រុម DKBA រួមជាមួយប៉ូលិស និងទាហានភូមា បានប្រមូលជនបរទេសរាប់រយនាក់ដែលជាប់ពាក់ព័ន្ធនឹងការឆបោក និងល្បែងអនឡាញ យកទៅប្រមូលផ្តុំគ្នានៅក្នុងកីឡដ្ឋាននោះ។ ឥឡូវនេះ កន្លែងនោះបានក្លាយជាមជ្ឈមណ្ឌលឃុំខ្លួន និងផ្ទេរមនុស្សបណ្តោះអាសន្ន ដោយមានទាហាន និងប៉ូលិសយាមកាមយ៉ាងតឹងរ៉ឹង និងដើរល្បាតចុះឡើង។ នៅក្នុងកីឡដ្ឋានពោរពេញដោយមនុស្សម្នាកកកុញ ក្រៅពីជនជាតិចិនជាច្រើននាក់ ក៏មានជនជាតិឥណ្ឌា ម៉ាឡេស៊ី និងវៀតណាម ដែលរត់មកធ្វើការឆបោក និងបើកល្បែងតាមអនឡាញផងដែរ។

ពេលប្រមូលមនុស្សចូលមកដល់ គេបានធ្វើការកត់ត្រាព័ត៌មាន និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្នាក់ៗ ដើម្បីរង់ចាំការបញ្ជូនត្រឡប់ទៅប្រទេសដើមវិញតាមដំណាក់កាល។ កាលពីពេលថ្មីៗនេះ ក្រុមការងារនៃក្រសួងសន្តិសុខសាធារណៈចិន និងមន្ត្រីជាន់ខ្ពស់នៃក្រុមការងាររួម ចិន-ភូមា-ថៃ បានចុះទៅពិនិត្យមើលស្ថានភាពផ្ទាល់ដល់កីឡដ្ឋានម្យ៉ាវ៉ាឌីនេះ ហើយបាននិយាយផ្ទាល់ជាមួយអ្នកដែលកំពុងរង់ចាំការបញ្ជូនខ្លួន ដើម្បីពន្លឿននីតិវិធីផ្ទេរមនុស្សឲ្យបានឆាប់។ នៅក្រោមកំដៅថ្ងៃយ៉ាងក្តៅស្អុះស្អាប់ មនុស្សជាច្រើនបានប្រជៀតគ្នានៅលើកន្លែងអង្គុយមើល និងក្រោមកូនតង់ ដោយទន្ទឹងរង់ចាំឲ្យរត់ការរៀបចំឯកសាររួចរាល់ឆាប់ៗ ដើម្បីបានចាកចេញពីទឹកដីពោរពេញដោយរឿងរ៉ាវស្មុគស្មាញមួយនេះ។

ប៉ុន្តែ ស្ថានភាពនៅតំបន់នោះតែងតែមានភាពស្មុគស្មាញស្រាប់ទៅហើយ។ មនុស្សដែលរង់ចាំត្រឡប់ទៅវិញមានជួរវែងអន្លាយ ធ្វើឲ្យការគ្រប់គ្រងមានចន្លោះប្រហោងជាច្រើន។ តាមព័ត៌មានក្នុងស្រុក និងពាក្យចចាមអារ៉ាមដែលលេចឮមកថា ដោយសារតែខ្វះការគ្រប់គ្រងរួមអន្តរជាតិយ៉ាងតឹងរ៉ឹង បណ្តាលឲ្យមន្ត្រីយោធាថ្នាក់ក្រោមក្នុងស្រុកមួយចំនួនដែលមានអំណាចបន្តិចបន្តួច កើតចិត្តខូច ចង់ប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីលួចលក់មនុស្សដែលរង់ចាំនោះ ទៅឲ្យបណ្តាញតូចៗនៅតំបន់ដាច់ស្រយាល ដែលមិនទាន់ត្រូវគេបង្ក្រាបនៅឡើយ។ អ្នកស្រុកនៅតាមផ្លូវតែងតែនិយាយគ្នាយ៉ាងក្តៅគគុកថា មកដល់ដំណាក់កាលនេះហើយ ប្រសិនបើការត្រួតពិនិត្យមិនបានម៉ត់ចត់ទេនោះ ថ្ងៃរង់ចាំការបញ្ជូនខ្លួនត្រឡប់ទៅផ្ទះវិញ ក៏នៅតែផ្ទុកទៅដោយហានិភ័យ និងការប្រែប្រួលដែលមើលមិនធ្លុះដែរ។