នៅតំបន់តារាសាគរ ខេត្តកោះកុង ទើបតែមានរឿងកក្រើកធំមួយកើតឡើង។ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការលើមេឃុំម្នាក់ឈ្មោះ លៀម ឡុង។ រឿងនេះបានធ្វើឲ្យផ្អើលតាំងពីពេលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនគាត់មកម៉្លេះ ដោយរកឃើញបទល្មើសជាច្រើន៖ ទាំងស៊ីសំណូក លាងលុយកខ្វក់ ហើយថែមទាំងចេញមុខជួយរៀបចំសាងសង់ទីតាំងជ្រកអនឡាញឆបោកទៀតផង។ ក្រៅពីគាត់ ក៏មានបក្សពួកពីរនាក់ទៀតឈ្មោះ ជា វិស្នា និង ជា ស៊ូ ត្រូវគេចោទប្រកាន់ជាមួយគ្នាដែរ។

ក្រៅពីមន្ត្រីអាជ្ញាធរក្នុងស្រុកប៉ុន្មាននាក់នេះ រឿងក្ដីនេះនៅមានតួអង្គសំខាន់ម្នាក់ទៀតជាជនជាតិចិន ឈ្មោះ ចាង ជៀនឈៀង (Zhang Jianqiang) ឬមានឈ្មោះហៅក្រៅថា ឆៃ យ៉ូវយ័ន (Cai Youyuan)។ តាមព័ត៌មានក្នុងស្រុកបានឱ្យដឹងថា គឺចិនម្នាក់ហ្នឹងហើយដែលជាអ្នកយកលុយទៅសូកប៉ាន់ក្រុមលោកមេឃុំ លៀម ឡុង ដើម្បីបើកដៃរៀបចំបង្កើតសម្បុកឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅម្តុំតារាសាគរ។ ពេលនេះ ចិនរូបនោះកំពុងតែរត់គេចខ្លួននៅឡើយ ប៉ុន្តែពួកមន្ត្រីក្នុងស្រុកដែលចាំជួយបាំងខ្នងឱ្យ កំពុងត្រូវគេបញ្ជូនទៅស្រែកនៅតុលាការមុនបាត់ទៅហើយ។

ប៉ុន្មានថ្ងៃនេះ ឱ្យតែអង្គុយផឹកកាហ្វេតាមតូបចិញ្ចើមផ្លូវនៅភ្នំពេញ គឺឃើញបងៗរត់ម៉ូតូឌុប និងអ្នកដឹកអីវ៉ាន់ជជែកគ្នាតែរឿងហ្នឹងឯង។ អ្នកណាៗក៏ដឹងដែរ មិនថាអ្នកនៅភ្នំពេញ ឬនៅកោះកុងទេ តំបន់តារាសាគរដើមឡើយជាកន្លែងទេសចរណ៍មាត់សមុទ្រដ៏ស្អាត ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមជ្រុងកៀកកោះ បែរជាមានលេចចេញអគារខ្ពស់ៗរបងជិតៗ មានអ្នកយាមយាមកាមតឹងតែង ហើយបើកភ្លើងភ្លឺចែងចាំងពេញមួយយប់ទៅវិញ។ បើគ្មានពួកអ្នកធំមានអំណាចក្នុងស្រុកចាំយកលុយបើកផ្លូវ និងធ្វើជាខ្នងបង្អែកឱ្យទេ តើអគារឆបោកខុសច្បាប់ទាំងនោះអាចសង់ឡើងបានដោយរបៀបណា?