កាលពីព្រលឹមស្រាងៗ ថ្ងៃទី១៥ ខែកញ្ញា ប្រហែលម៉ោង ៥:៤៥ នាទីព្រឹក កម្លាំងសមត្ថកិច្ចចម្រុះបានចុះឆ្មក់ទម្លាយទីតាំងសង្ស័យមួយ នៅជិតភូមិណាន់ខាំ (Nankham) ក្នុងឃុំស៊ីពត់ (Hsipaw) ភាគខាងជើងរដ្ឋសាន ប្រទេសមីយ៉ាន់ម៉ា។ តាមប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា បន្ទាប់ពីទទួលបានតម្រុយច្បាស់លាស់ សមត្ថកិច្ចក៏បានបើកប្រតិបត្តិការភ្លាមៗ រហូតឃាត់ខ្លួនមនុស្ស ១៣ នាក់ ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងល្បែងស៊ីសងអនឡាញ។ នៅពេលពិនិត្យអត្តសញ្ញាណ ឃើញថាមានជនជាតិចិន ៩ នាក់ (ប្រុស ៨ នាក់ ស្រី ១ នាក់) និងជនជាតិភូមា ៤ នាក់ (ប្រុស ១ នាក់ ស្រី ៣ នាក់) ដែលកំពុងលួចសំងំធ្វើសកម្មភាពឆបោកនៅក្បែរភូមិនោះ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចដកហូតបានវត្ថុតាងរាយប៉ាយពេញដី រួមមាន៖ ទូរស័ព្ទដៃ ២២ គ្រឿង, កុំព្យូទ័រយួរដៃ ១ គ្រឿង, ឧបករណ៍ផ្កាយរណប Starlink ៤ គ្រឿង ព្រមទាំងអាគុយ និងផ្ទាំងសូឡាមួយចំនួនទៀត។ មើលតាមស្ថានភាព ពួកគេបានរៀបចំប្រព័ន្ធភ្លើងសូឡា និងអ៊ីនធឺណិតផ្កាយរណបដោយខ្លួនឯង ដើម្បីអាចតភ្ជាប់ជាមួយពិភពខាងក្រៅបានយ៉ាងរលូន ទោះជានៅកន្លែងដាច់ស្រយាលយ៉ាងណាក៏ដោយ។ អ្វីដែលគួរសព្វថ្ងៃគួរឱ្យបារម្ភនោះ គឺសមត្ថកិច្ចបានរកឃើញអាវុធស្វ័យប្រវត្តិ Type 81 មួយដើម, បង់កាំភ្លើង ៤, និងគ្រាប់ ៦០ គ្រាប់បន្ថែមទៀតនៅក្នុងជម្រកនោះ។

ឥឡូវនេះ គេសង្កេតឃើញថា ពួកក្រុមឆបោកបានប្តូរយុទ្ធសាស្ត្ររត់ទៅពួននៅកន្លែងកាន់តែដាច់ស្រយាលឡើងៗ ដោយផ្លាស់ប្តូរពីផ្ទះជួលកណ្តាលក្រុង ទៅសំងំនៅតាមភូមិដាច់ស្រយាលជាប់ជើងភ្នំ ហើយបំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបៗដូចជា ផ្ទាំងសូឡា និងប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួនតែម្តង។ បច្ចុប្បន្ន អាជ្ញាធរក្នុងស្រុកបានឃាត់ខ្លួនជនសង្ស័យទាំង ១៣ នាក់ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ខណៈដែលអាវុធ និងឧបករណ៍សម្ភារទាំងអស់ ត្រូវបានប្រគល់ជូនផ្នែកពាក់ព័ន្ធចាត់ការតាមនីតិវិធី។