ចូលដល់ដើមខែកញ្ញានេះ នាយកដ្ឋានអន្តោប្រវេសន៍រាជធានីភ្នំពេញ បានប្រកាសតួលេខមួយថា ក្នុងរយៈពេលដប់ថ្ងៃ មានជនបរទេសខុសច្បាប់ចំនួន ១.០៣៥នាក់ ត្រូវបានបណ្តេញចេញពីប្រទេស ដែលក្នុងនោះមានស្រ្តីជាង ១០០នាក់ផងដែរ។ ជនបរទេសទាំងនោះមកពីជាង ៣០ប្រទេសផ្សេងគ្នា។

ជនបរទេសដែលត្រូវគេបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញភាគច្រើនពាក់ព័ន្ធនឹងបទល្មើសដូចជា៖ បោកប្រាស់តាមអនឡាញ លួចឆ្លងដែនមកស្រុកខ្មែរ ស្នាក់នៅនិងធ្វើការដោយខុសច្បាប់ ធ្វើទិដ្ឋាការក្លែងក្លាយ និងជួញដូរគ្រឿងញៀន។ ជាក់ស្តែង ជនជាតិចិនជាង ៥០០នាក់ ដែលពាក់ព័ន្ធនឹងរឿងឆបោកតាមអនឡាញ ត្រូវបានជួលយន្តហោះពិសេសបញ្ជូនចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោផ្ទាល់តែម្តង។ រីឯជនជាតិថៃចំនួន ៦៥នាក់ និងវៀតណាមចំនួន ៨៦នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវិញតាមច្រកទ្វារព្រំដែនគោក នៅច្រកប៉ោយប៉ែត និងខេត្តត្បូងឃ្មុំ។

ពេលអង្គុយញ៉ាំកាហ្វេទឹកកកជជែកគ្នាតាមដងផ្លូវ អ្នកស្រុកយើងសាំនឹងរឿងបែបហ្នឹងយូរហើយ។ ពេលឃើញសមត្ថកិច្ចឧស្សាហយាមពិនិត្យលិខិតឆ្លងដែននិងទិដ្ឋាការតាមផ្លូវបែបនេះ ម្ចាស់ផ្ទះជួលក៏តែងតែផ្តាំផ្ញើអ្នកមកស្នាក់នៅឱ្យយកឯកសារជាប់ខ្លួនជានិច្ចពេលចេញក្រៅ និងកុំទៅជិតតំបន់ទីស្នាក់ការដែលសង្ស័យថាមានបទល្មើស។