នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មានករណីមនុស្សឃាតមួយកើតឡើងនៅសណ្ឋាគារជីងស៊ី (Jiangxi Grand Hotel) ដោយជនរងគ្រោះជាបុរសជនជាតិចិន ដែលអ្នករកស៊ីក្នុងវង់ចិនហៅគាត់ថា «មូសឺ» (Muzi)។ បុរសម្នាក់នេះជួលវីឡាមួយនៅម៉ានីល និងមានបុគ្គលិកក្រោមឱវាទរាប់សិបនាក់ធ្វើការងារឆបោកតាមអនឡាញ។ តែអកុសល គាត់ស្រាប់តែស្លាប់បាត់បង់ជីវិតយ៉ាងចម្លែក ហើយពេលឮដំណឹងនេះភ្លាម បុគ្គលិករបស់គាត់រត់គេចខ្លួនបាត់ស្រមោលអស់គ្មានសល់។
ក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ថា ហេតុការណ៍នេះកើតឡើងនៅទៀបភ្លឺថ្ងៃទី៨ ខែកញ្ញា។ ម៉ោងជាង១យប់ថ្ងៃនោះ មូសឺ បានទៅសណ្ឋាគារជីងស៊ី ដើម្បីជួបស្ត្រីជនជាតិចិនម្នាក់មកពីខេត្តហូណាន ឈ្មោះ ជាង យុនហ្វេង (Zhang Yunfeng)។ មិនយូរប៉ុន្មាន ក៏មានបុរសម្នាក់ទៀតមកពីខេត្តហៃណាន ឈ្មោះ យ៉ាង ហុងទុង (Yang Hongtong) ចូលទៅក្នុងបន្ទប់នោះដែរ។ លុះដល់ម៉ោង៨ជាងព្រឹក ជនសង្ស័យប្រុសស្រីទាំងពីរនាក់នោះបាននាំគ្នាដើរចេញពីសណ្ឋាគារ។ រហូតដល់ម៉ោង២យប់ថ្ងៃបន្ទាប់ ទើបក្រុមគ្រួសារមិនអាចទាក់ទងគាត់បានសោះ ក៏សួរនាំអ្នកបើកបរទើបដឹងថាគាត់មកសណ្ឋាគារនេះ។ ពេលបងប្អូនសាច់ញាតិមកដល់ ហើយផ្អើលបើកទប់ចូលក្នុងបន្ទប់ ឃើញ មូសឺ ដេកស្លាប់បាត់ទៅហើយ ដោយមានស្នាមជាំខ្មៅជុំវិញក গ. យ៉ាងច្បាស់។
សាច់ញាតិជនរងគ្រោះបញ្ជាក់ថា ពួកគេបានដាក់ពាក្យបណ្តឹងនៅស្រុកកំណើតរួចហើយដែរ ចំណែកមូលហេតុ និងដំណើររឿងពិតប្រាកដយ៉ាងណា គឺត្រូវរង់ចាំសមត្ថកិច្ចមូលដ្ឋានស៊ើបអង្កេតបន្ត។ គ្រួសារជនរងគ្រោះក៏ឆ្ងល់ដែរ ព្រោះមិនមានការទូរស័ព្ទមកទារប្រាក់លោះទារប្រាក់កាក់អ្វីឡើយ ប៉ុន្តែទូរស័ព្ទដៃ និងលុយកាក់របស់គាត់ត្រូវបានគេយកទៅ ឬត្រូវគេលួចផ្ទេរអស់ឬអត់នោះ ត្រូវរង់ចាំមើលការស៊ើបអង្កេតរបស់ប៉ូលិសសិន។ អ្នករកស៊ី និងអ្នកជិតខាងនៅទីនោះបាននិយាយតៗគ្នាថា ប៉ុន្មានថ្ងៃនេះ ទាំងខ្យល់ព្យុះភ្លៀង ទាំងរឿងរ៉ាវរកាំរកូសក្នុងរង្វង់អ្នករកស៊ីខុសច្បាប់បែបនេះ មានរឿងអាក្រក់កើតឡើងមិនចេះចប់មិនចេះហើយទេ។







