ាល្ងាចម្សិលមិញនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានទម្លាយពីលទ្ធផលថ្មីៗនៃការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ឬហៅថា «អនឡាញខុសច្បាប់»។ បើគិតចាប់ពីខែកក្កដា ឆ្នាំមុន រហូតដល់ពាក់កណ្តាលខែសីហាឆ្នាំនេះ កម្លាំងសមត្ថកិច្ចចម្រុះបានដើរឆែកឆេរស្ទើរគ្រប់ច្រកល្ហកក្នុងរាជធានីភ្នំពេញ ដោយបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំសរុបចំនួន ២៣.១២៥ កន្លែង និងបានធ្វើប័ណ្ណស្នាក់នៅឱ្យជនបរទេសជិត ១៥ម៉ឺននាក់ ដែលមកពី ៧៥ប្រទេស។

ក្នុងរយៈពេលដូចគ្នានេះដែរ សមត្ថកិច្ចយើងបានចាត់វិធានការលើសំណុំរឿងបោកប្រាស់តាមអនឡាញចំនួន ១៩៦ករណី និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសអន្តរជាតិទាំងនោះចំនួន ៣.៨០៦នាក់ ដែលមកពី ២៧ប្រទេស។ ពេលនេះ បើ​យើង​ដើរ​តាម​ដងផ្លូវ គឺ​តែងតែ​ឃើញ​រថយន្ត​ប៉ូលិស​ល្បាត​ចុះឡើង​ជា​ប្រចាំ ព្រោះ​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ទីតាំង​សង្ស័យ​មិន​ដែល​ឈប់​ឈរ​ឡើយ ធ្វើ​ឱ្យ​មុខមាត់​ថ្មីៗ​តាម​ផ្ទះជួល​ហាក់​ថយ​ចុះ​ច្រើន​បើ​ធៀប​នឹង​ពេល​មុន។

ក្រៅពីការតាមចាប់ជនល្មើស ម្ចាស់ផ្ទះជួលក៏ត្រូវប្រយ័ត្នប្រយែងខ្លាំងណាស់ដែរ។ យោងតាមសេចក្តីសម្រេចលេខ ០៣ ម្ចាស់ទីតាំងចំនួន ១២៧កន្លែង ត្រូវរងការពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ ពីបទលួចលាក់លាក់បាំងមិនរាយការណ៍ពីជនបរទេសស្នាក់នៅ។ ចំនួនទឹកប្រាក់ពិន័យសរុបឡើងដល់ជាង ៣.០៣០លានរៀល ឬស្មើនឹងប្រហែល ៧៥ម៉ឺនដុល្លារអាមេរិកឯណោះ។ ដូច្នេះហើយ បើម្ចាស់ផ្ទះរូបណាហ៊ានល្មោភបានលុយថ្លៃឈ្នួលខ្ពស់ ហើយជួយលាក់បាំងឱ្យគេទៀតនោះ ពេលត្រូវសមត្ថកិច្ចចាត់វិធានការគឺពិតជាស្ពាយទុក្ខមិនរួចតែម្តង។