ថ្ងៃទី៩ ខែកញ្ញា វេលាម៉ោងជាង ៤ ល្ងាច មានកម្លាំងសមត្ថកិច្ចចម្រុះចុះព័ទ្ធផ្ទះវីឡា ឬផ្ទះប្រជាជនមួយកន្លែងនៅតំបន់ផ្លូវ វ៉ាន់ខាវ (万考街区) ក្រុងតាកែចុង។ ប្រតិបត្តិការនេះធ្វើឡើងយ៉ាងលឿន ដោយសារទទួលបានព័ត៌មានពីប្រជាជននៅមូលដ្ឋាន ទើបក្រុមការងារចូលឆែកឆេរផ្ទាល់ និងឃាត់ខ្លួនមនុស្សសរុបចំនួន ៥៦នាក់ ដែលសង្ស័យថាពាក់ព័ន្ធនឹងរឿងឆបោកតាមអនឡាញ (ទូរគមនាគមន៍) និងល្បែងស៊ីសងខុសច្បាប់។
ក្នុងចំណោមអ្នកដែលត្រូវឃាត់ខ្លួន មានជនជាតិចិនចំនួន ៥នាក់ ប្រុសជនជាតិមីយ៉ាន់ម៉ា ២៥នាក់ និងស្រីជនជាតិមីយ៉ាន់ម៉ា ២៦នាក់។ ក្រៅពីនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រចំនួន ៦០គ្រឿង រ៉ោតទ័រអ៊ីនធឺណិត (Router) ៥គ្រឿង តុ ១៤ កៅអី ៥១ និងម៉ូតូគ្មានស្លាកលេខចំនួន ២គ្រឿងផងដែរ។
បច្ចុប្បន្ន មនុស្សទាំង ៥៦នាក់នោះ ត្រូវសមត្ថកិច្ចឃុំខ្លួនទុកសិនដើម្បីសួរនាំ និងរង់ចាំចាត់ការតាមផ្លូវច្បាប់បន្តទៀត។ នៅតាមមូលដ្ឋានតំបន់នោះ រឿងចុះបង្ក្រាបបែបនេះតែងតែឮដំណឹងជាញឹកញាប់ ដែលធ្វើឱ្យប្រជាជននៅទីនោះលែងសូវភ្ញាក់ផ្អើលអីទៀតហើយ។




