ថ្មីៗនេះ មន្ត្រីគយនៅប្រទេសស្រីលង្កា បានរកឃើញបារីផលិតផលចិនជាង ២០ម៉ឺនដើម លាក់ទុកយ៉ាងល្អក្នុងទ្វារដែកនៃទូកុងតឺន័រនាំចូលមួយ ដែលបើកទំនិញនៅឯកំពង់ផែ។ បើគិតតាមតម្លៃទីផ្សារនៅទីនោះ បារីទាំងនេះមានតម្លៃស្មើនឹងជាង ៣០លានរូពី។
ហេតុការណ៍នេះបានធ្លាយដឹងឡើង នៅពេលដែលកងកម្លាំងពិសេសផ្នែកពន្ធដាររបស់គយ បានឆែកឆេរទំនិញហើយមានការសង្ស័យ ក៏សម្រេចចិត្តកាត់ទ្វារដែកនោះមើល ទើបឃើញបារីញាត់ពេញក្នុងនោះតែម្ដង។ ល្បិចកលនេះ គឺក្នុងគោលបំណងលាក់ទុកក្នុងថ្នេរទ្វារ ដើម្បីគេចពីការត្រួតពិនិត្យរបស់គយ និងបន្លំយកចូលមកក្នុងស្រុកដោយមិនបាច់បង់ពន្ធ។
ឥឡូវនេះ ក្រុមការងារពិសេសរបស់គយបានកាន់កាប់សំណុំរឿងនេះហើយ និងកំពុងបន្តស្រាវជ្រាវយ៉ាងម៉ត់ចត់ដើម្បីរកប្រភពដើម និងអ្នកដែលនៅពីក្រោយខ្នងនៃរឿងនេះ។ នៅឯកំពង់ផែទីនោះ ល្បិចរត់ពន្ធបែបលាក់បាំងក្នុងថ្នេរទំនិញនេះ គឺតែងតែមានកើតមានជាញឹកញាប់។




