កាលពីថ្ងៃសុក្រ កម្លាំងនគរបាលស្រុកសំរោងទង បានសហការជាមួយផ្នែកជំនាញព្រហ្មទណ្ឌ ផ្នែកប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍រដ្ឋបាល ចុះឆ្មក់បង្រ្កាបវង់ល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) មួយកន្លែង ដែលលួចបើកលេងយ៉ាងស្ងាត់ៗនៅក្នុងចំការដូងរបស់អ្នកភូមិម្នាក់ឈ្មោះ ស៊ីម វ៉ាន់សិន អាយុ ៤៧ឆ្នាំ ស្ថិតក្នុងភូមិបៃស្រា។ ប្រតិបត្តិការក្តៅៗនេះ សមត្ថកិច្ចចាប់ស្រវ៉ាចាប់បានអ្នកចូលរួមចាក់អាប៉ោងចំនួន ៧នាក់ នៅនឹងកន្លែងតែម្តង។

អ្នកដែលត្រូវឃាត់ខ្លួនទាំង ៧នាក់នោះ មានអាយុចន្លោះពី ២៥ ដល់ ៤២ឆ្នាំ រួមមានឈ្មោះ ភើន សូផា, ស៊ីម ផានី, អ៊ើន សូហ្វៀ, យិន សៅ, ខឹម ផាណា, នូ ដេត និងឈ្មោះ ឆាម៉ៅ។ ក្រៅពីឃាត់ខ្លួនមនុស្ស សមត្ថកិច្ចរឹបអូសបានវត្ថុតាងមួយចំនួន រួមមាន កម្រាលសម្រាប់ចាក់អាប៉ោង ១ផ្ទាំង, ទូរស័ព្ទដៃ ៤គ្រឿង និងម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ ១គ្រឿង។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ទីតាំងចំការដូងនៅទីនោះមានដើមក្រាស់ៗ មើលពីក្រៅមិនចង់ធ្លុះឡើយ ទើបក្រុមអ្នកញៀនល្បែងចូលចិត្តមកជ្រកយកស្ងាត់ និងត្រជាក់ត្រជុំ ប្រមូលផ្តុំគ្នាក្រឡុកគ្រាប់អាប៉ោងស៊ីសងបែបនេះ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។