សមត្ថកិច្ចខេត្តជីលីន ប្រទេសចិន ទើបតែវាយបំបែកបណ្តាញបោកប្រាស់ឆ្លងដែនទ្រង់ទ្រាយធំមួយ ដែលបានបោកប្រាស់លុយអស់ជាង ៦ ពាន់លានយ័ន។ ក្រុមបោកប្រាស់មួយនេះបានបង្កើតរឿងប្រឌិតអំពីគម្រោងរដ្ឋ និងមូលនិធិជាតិក្លែងក្លាយផ្សេងៗ ដើម្បីដើរបោកយកលុយពីពួកចាស់ៗ។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ ក៏មានការចូលរួមសហការយ៉ាងក្តៅគគុកពីប៉ូលិសប្រទេសឡាវ សិង្ហបុរី និងកម្ពុជាយើងផងដែរ។
រឿងរ៉ាវនេះបានចាប់ផ្តើមតាំងពីខែមករាដើមឆ្នាំនេះ នៅពេលដែលប៉ូលិសខេត្តជីលីន បានស្រាវជ្រាវតាមដានឃើញតម្រុយរបស់ក្រុមនេះ។ ពួកវាបានបង្កើតកម្មវិធីទូរស័ព្ទ (App) បោកប្រាស់ ហើយដើរអូសទាញមនុស្សតាមបណ្តាញសង្គមឱ្យចូលធ្វើជាសមាជិក។
លុះមកដល់ថ្ងៃទី ២៨ ខែកក្ដដា ប៉ូលិសឡាវបានចុះបង្ក្រាបនៅរដ្ឋធានីវៀងចន្ទន៍ ដោយចាប់ខ្លួនជនសង្ស័យបាន ១១០ នាក់។ ក្នុងពេលជាមួយគ្នានោះដែរ ប៉ូលិសចិនក៏បានបើកប្រតិបត្តិការឆែកឆេរទីតាំងបោកប្រាស់ចំនួន ៩ កន្លែងនៅក្នុងស្រុក និងឃាត់ខ្លួនមនុស្សបាន ១០១ នាក់ទៀត។
ចូលមកដល់ពាក់កណ្តាលខែសីហា ប៉ូលិសសិង្ហបុរីបានបន្តចាប់ខ្លួនមេខ្លោងធំដែលជាអ្នកបញ្ចេញដើមទុននៅពីក្រោយខ្នង ហើយនៅដើមខែកញ្ញា ប៉ូលិសកម្ពុជាយើងក៏បានសហការចាប់ខ្លួនជនសង្ស័យបាន ៤៤ នាក់បន្ថែមទៀត។
គិតមកទល់ពេលនេះ សមាជិកក្រុមបោកប្រាស់មួយនេះសរុបចំនួន ២៥៧ នាក់ហើយដែលត្រូវប៉ូលិសចាប់ដាក់ខ្នោះ ដែលនេះជាការបង្ក្រាបបានមួយខ្សែស្រឡាយតាំងពីលើដល់ក្រោមតែម្តង។




