ថ្ងៃនេះ គណៈកម្មាធិការជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមជាមួយក្រសួងព័ត៌មាន បានដឹកនាំអ្នកសារព័ត៌មានចំនួន ៧៥ នាក់ មកពី ៤២ ស្ថាប័ន ចុះទៅពិនិត្យមើលផ្ទាល់ដល់ទីតាំងចាស់នៃ «បុរីហ្គោលឌិនបេ» (Golden Bay) នៅជ្រៃធំ ខេត្តកណ្តាល ដែលជាកន្លែងធ្លាប់មានរឿងរ៉ាវអាស្រូវកន្លងមក។ ទីតាំងនេះធំសម្បើមណាស់ មានផ្ទៃដីរហូតដល់ ៥១ ហិកតា ដោយមានអគារធំៗចំនួន ៥៥ ខ្នង វីឡា ១១៣ ខ្នង និងបន្ទប់សរុបដល់ទៅ ៤.៧០៧ បន្ទប់។ គេដឹងថា ទីតាំងនេះមានពាក់ព័ន្ធជាមួយឈ្មោះ ចិន ជី (Chen Zhi) មេខ្លោងក្រុមហ៊ុន Prince Group ដែលត្រូវគេបញ្ជូនខ្លួនទៅស្រុកចិនវិញនោះ។
តាមពិតទៅ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប និងវាយបំបែកសំបុកអនឡាញនៅក្នុងបុរីហ្គោលឌិនបេនេះ តាំងពីថ្ងៃទី២០ ខែមករា ដើមឆ្នាំនេះម៉្លេះ។ ឥឡូវនេះ ប្រព័ន្ធទឹក ភ្លើង ហ្គាស និងអ៊ីនធឺណិតនៅក្នុងទីតាំងទាំងមូល ត្រូវបានកាត់ផ្តាច់ចោលអស់ ហើយច្រកចេញចូលត្រូវបានបិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុត។ ខាងតុលាការក៏បានចេញដីកាចាប់ខ្លួនមេខ្យល់ធំៗពីរនាក់ គឺឈ្មោះ Chhiv Yin-Oo និងឈ្មោះ Jon Riskin ព្រមទាំងបានស្នើសុំដីកាក្រហមពីប៉ូលិសអន្តរជាតិ (Interpol) ដើម្បីតាមប្រមាញ់ខ្លួននៅទូទាំងពិភពលោកទៀតផង។
ប្រចាំថ្ងៃ ជិះម៉ូតូកាត់តាមផ្លូវ ធុំក្លិនប្រេងបំពងភាយៗចេញពីតូបលក់ដូរតាមចញ្ចើមផ្លូវ អ្នកណាក៏នឹកស្មានមិនដល់ដែរថា នៅពីក្រោយជញ្ជាំងរបងខ្ពស់ៗនោះ បែរជាសំបុកឆបោកអនឡាញដ៏ធំប្រចាំតំបន់ទៅវិញ។ មកដល់ពេលនេះ អគារទាំងអស់ត្រូវបោះបង់ចោលទំនេរស្ងាត់ជ្រងំ ច្រកទ្វារបិទជិតឈឹង។ អ្នកស្រុកនៅតែបន្តលក់ដូររស់នៅតាមធម្មតា ចែកផ្លូវគ្នានឹងល្បិចកលងងឹតដែលធ្លាប់លាក់ខ្លួននៅពីក្រោយរបងខ្ពស់នោះ ដែលពេលនេះត្រូវបានសមត្ថកិច្ចបោសសម្អាតផ្តាច់ឫសគល់អស់ហើយ។









