កាលពីពីរថ្ងៃមុន ក្រសួងសន្តិសុខសាធារណៈចិនបានប្រកាសថា ប៉ូលិសចិននិងម៉ាដាហ្កាស្ការ បានសហការគ្នាចាប់ដៃបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាលើកដំបូង។ ខាងប៉ូលិសចិនបានបញ្ជូនក្រុមការងារហោះទៅដល់ទីនោះផ្ទាល់ ដោយបានសហការជាមួយប៉ូលិសក្នុងស្រុក បង្ក្រាបនិងកម្ទេចសម្បុកក្រុមឆបោកជាច្រើនកន្លែង នៅក្នុងរាជធានីតារ៉ាណានារីវ៉ូ (Antananarivo) នៃប្រទេសម៉ាដាហ្កាស្ការ។ លុះមកដល់ថ្ងៃទី ៨ ខែកញ្ញា ជនសង្ស័យជំនាន់ដំបូងចំនួន ៥០ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបញ្ជូនតាមយន្តហោះត្រឡប់ទៅស្រុកចិនវិញ ហើយករណីដែលនៅសេសសល់ កំពុងបន្តនីតិវិធីស្រាវជ្រាវយ៉ាងសកម្ម។

និយាយឱ្យត្រង់ទៅ ឥឡូវនេះនៅតំបន់អាស៊ីអាគ្នេយ៍យើង សមត្ថកិច្ចធ្វើការរឹតបន្តឹងខ្លាំងៗទៅៗ រហូតធ្វើឱ្យពួកមេបណ្តាញឆបោកទាំងនោះនៅលែងសុខ ក៏រត់ទៅរកពួននៅស្រុកអាហ្វ្រិកដែលឆ្ងាយៗវិញ។ ពួកវានាំគ្នាទៅជួលផ្ទះនៅកន្លែងស្ងាត់ៗ ប៉ាវជួលពីរបីបន្ទប់ រៀបបណ្តាញអ៊ីនធឺណិត រៀបកុំព្យូទ័រជួរៗ ហើយចាត់មនុស្សឱ្យអង្គុយចែកវេនគ្នាតាមទូរស័ព្ទឆបោកគេទាំងយប់ទាំងថ្ងៃ។ នៅខាងក្រៅផ្លូវ ផ្សែងម៉ូតូហុយទ្រលោម ប៉ុន្តែនៅក្នុងបន្ទប់វិញ បិទវាំងននជិតឈឹង អង្គុយក្រញ៉ុងចុចក្តារចុចកុំព្យូទ័រតាកៗ។ ប៉ុន្តែរឿងលើកនេះបានបង្ហាញច្បាស់ហើយថា ស្មានតែរត់ទៅពួនដល់កន្លែងឆ្ងាយអាចរួចខ្លួន? គឺគិតខុសស្រឡះតែម្តង!

មន្ត្រីប៉ូលិសចិនបានបញ្ជាក់ថា អាជ្ញាធរមិនអត់ឱនឱ្យដាច់ខាតចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ហើយកាលពីពេលថ្មីៗនេះក៏បានបង្កើតសម្ព័ន្ធអន្តរជាតិប្រឆាំងការឆបោកតាមអ៊ីនធឺណិតផងដែរ។ ទៅថ្ងៃមុខ គេនឹងបន្តសហការជិតស្និទ្ធជាមួយសមត្ថកិច្ចតាមបណ្តាប្រទេសនានា ដើម្បីតាមបោសសម្អាតសម្បុកក្រុមឆបោកដែលលាក់ខ្លួននៅក្រៅប្រទេសឱ្យអស់ ហើយចាប់ខ្លួនយកមកផ្តន្ទាទោស។ មិនថារត់ទៅពួនដល់ប្រទេសណាក៏ដោយ ឱ្យតែហ៊ានពាក់ព័ន្ធនឹងរឿងនេះ គង់តែត្រូវប៉ូលិសក្របួចកយកមកវិញដដែល។