កាលពីម្សិលមិញ សមត្ថកិច្ចខណ្ឌដង្កោបានចុះត្រួតពិនិត្យរដ្ឋបាលមើលជនបរទេសនៅតាមផ្ទះជួលក្នុងសង្កាត់ដង្កោ រាជធានីភ្នំពេញ។ ប៉ុន្តែពេលបើកទ្វារចូលផ្ទះមួយកន្លែង ស្រាប់តែបំបែកបានសម្បុកឆបោកតាមប្រព័ន្ធអ៊ីនធឺណិតតែម្តង។

ពេលសមត្ថកិច្ចចូលទៅដល់ ឃើញបុរសជនជាតិបង់ក្លាដែសចំនួន ៩ នាក់ កំពុងធ្វើសកម្មភាពភ្លាមៗ មិនទាន់ដឹងខ្លួនផង ក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួននៅនឹងកន្លែងតែម្តង។ ក្នុងការឆែកឆេរទីតាំងនោះ សមត្ថកិច្ចរឹបអូសបានកុំព្យូទ័រប្រភេទ All-in-One ចំនួន ៦ គ្រឿង, ទូរស័ព្ទដៃ ១៥ គ្រឿង ព្រមទាំងក្រដាសប្រាក់ដុល្លារក្លែងក្លាយមួយចំនួនទៀតផង។

បើមើលពីក្រៅ អ្នកស្រុកដើរឆ្លងកាត់តាមច្រកឌឿងហែម ឃើញផ្ទះជួលនេះបិទវាំងននជិតឈឹង មើលទៅដូចផ្ទះប្រជាពលរដ្ឋរស់នៅធម្មតាអ៊ីចឹង គ្មានអ្នកណាស្មានដល់ថា ខាងក្នុងបែរជាលួចបោះទីតាំងដាក់កុំព្យូទ័រធ្វើសកម្មភាពឆបោកបែបនេះសោះ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៩ នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។ ឥឡូវនេះនៅតាមមូលដ្ឋាន សមត្ថកិច្ចចុះឆែកឆេររដ្ឋបាលកាន់តែញឹកញាប់ និងម៉ត់ចត់ខ្លាំងណាស់ អ្នកណាដែលគិតថាលួចជួលផ្ទះនៅកន្លែងស្ងាត់ៗធ្វើសកម្មភាពឆបោកនោះ មិនយូរមិនឆាប់ គង់តែត្រូវសមត្ថកិច្ចគោះទ្វារដល់ផ្ទះមិនខាន។