កាលពីថ្ងៃទី១៨ អាជ្ញាធរប៉ូលិសរដ្ឋ Perak ប្រទេសម៉ាឡេស៊ី បានប្រកាសថា កម្លាំងតម្រួតបានចុះឆ្មក់បង្រ្កាបសម្បុកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែនមួយកន្លែង នៅផ្ទះអ្នកស្រុកមួយខ្នង ក្នុងតំបន់ Ipoh Garden Merdeka កាលពីរសៀលថ្ងៃទី១៦។ ក្នុងប្រតិបត្តិការនេះ ប៉ូលិសចាប់ខ្លួនមនុស្សបាន ៧នាក់ ក្នុងនោះ ៦នាក់ជាជនជាតិជប៉ុន និងម្នាក់ទៀតជាជនជាតិម៉ាឡេស៊ី ដោយពួកគេមានអាយុចន្លោះពី ២២ឆ្នាំ ដល់ ៥៨ឆ្នាំ។ ក្រុមនេះបានសម្ងំលាក់ខ្លួនក្នុងតំបន់បុរីរស់នៅរបស់ប្រជាពលរដ្ឋ ដោយបិទទ្វារបង្អួចជិតឈឹង ដែលអ្នកដើរកាត់មុខផ្ទះមើលពីក្រៅមិនដឹងថាក្នុងផ្ទះធ្វើអីនោះទេ។
តាមការស្រាវជ្រាវបឋមរបស់ប៉ូលិស សម្បុកឆបោកមួយនេះទើបតែចាប់ផ្តើមដំណើរការកាលពីពាក់កណ្តាលខែសីហានេះប៉ុណ្ណោះ។ ជនជាតិជប៉ុនប៉ុន្មាននាក់នេះ បានធ្វើដំណើរមកទីក្រុង Ipoh រួចជួលផ្ទះរៀបចំជាកន្លែង Call Center តូចមួយ ដើម្បីតេទៅស្រុកជប៉ុន ក្លែងបន្លំធ្វើជាសាច់ញាតិ ឬមិត្តភក្តិ ដើរបោកលុយគេ។ នៅកន្លែងកើតហេតុ ប៉ូលិសដកហូតបានទូរស័ព្ទដៃ ១៦គ្រឿង, កុំព្យូទ័រយួរដៃ ១គ្រឿង, រ៉ោតទ័រ Wi-Fi ១គ្រឿង និងកូនសោផ្ទះមួយចំនួន ដោយសម្ភារទាំងអស់នេះមានតម្លៃសរុបប្រហែល ២ម៉ឺនរីងហ្គីត។
ក្បែរនោះធម្មតាស្ងាត់ជ្រងំ មានតែតូបលក់ដូរតាមចិញ្ចើមផ្លូវ និងម៉ូតូបើកឆ្លងកាត់យូរៗមួយៗប៉ុណ្ណោះ គ្មានអ្នកណានឹកស្មានថា ផ្ទះជួលក្បែរខាងបែរជាមានមនុស្សសម្ងំធ្វើសកម្មភាពឆបោកតាមអនឡាញរាល់ថ្ងៃសោះ។ បច្ចុប្បន្ន ជនសង្ស័យជនជាតិជប៉ុនទាំង ៦នាក់ ត្រូវប៉ូលិសឃាត់ខ្លួនបណ្តោះអាសន្នរហូតដល់ថ្ងៃទី២០ ខែកញ្ញា ឯជនសង្ស័យម្នាក់ទៀតជាជនជាតិម៉ាឡេស៊ី ត្រូវឃាត់ខ្លួនតាមនីតិវិធីផ្សេងដោយឡែក ខណៈប៉ូលិសកំពុងបន្តស៊ើបអង្កេតពីបទឆបោក និងការផ្សំគំនិតប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ ខ្យល់ក្តៅ និងបរិយាកាសអ៊ូអរនៅលើដងផ្លូវនៅតែមានដូចធម្មតា ប៉ុន្តែល្បិចកលបោកប្រាស់នៅក្នុងផ្ទះជួលមួយនេះ ត្រូវចប់ត្រឹមហ្នឹងហើយ។




