កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា វេលាម៉ោងប្រហែល ១០:៣០នាទី ប៉ូលិសនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ឃាត់ខ្លួនបុរសជនជាតិខ្មែរ ២នាក់ទាន់ហន់ នៅម្តុំប្រឡាយទឹកព្រំដែន ក្នុងសង្កាត់អូរជ្រៅ ខណៈកំពុងធ្វើសកម្មភាពនាំផ្លូវមនុស្សលួចឆ្លងដែនខុសច្បាប់។ ជនសង្ស័យទាំង២នាក់នេះ ម្នាក់ទើបតែអាយុ ១៩ឆ្នាំ និងម្នាក់ទៀតអាយុ ៥២ឆ្នាំ។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានប្រាប់ថា ពេលនោះទឹកប្រឡាយព្រំដែនកំពុងតែកើនឡើងខ្លាំង ហើយទឹកហូរជែលៗគួរឲ្យភ័យ។ ប៉ូលិសដកហូតបានខ្សែពួរមួយបាច់ធំដែលគេប្រើសម្រាប់ចងទាញមនុស្សឆ្លងទឹក ព្រមទាំងឧបករណ៍ឆ្លងទឹកមួយឈុតទៀត។ ពេលនេះ ជនសង្ស័យទាំងពីរត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោស។
អ្នកនៅស្រុកយើងដឹងស្រាប់ហើយ ប៉ោយប៉ែតនៅជាប់ព្រំដែនថៃ ចរន្តរត់ពន្ធ និងការលួចឆ្លងដែនតាមច្រករបៀងគឺតែងតែមានរហូត។ ដល់រដូវទឹកឡើងហូរខ្លាំងបែបនេះ ការយកខ្សែពួរមកទាញឆ្លងទឹកប្រឡាយ គឺមិនខុសពីយកជីវិតទៅប្រថុយនឹងគ្រោះថ្នាក់នោះទេ ហើយសមត្ថកិច្ចក៏រឹតបន្តឹងខ្លាំងណាស់ដែរ។ រកស៊ីធ្វើការសព្វថ្ងៃ ចំណាយច្រើន ហើយពិបាករកលុយមែន ប៉ុន្តែទោះខ្វះខាតយ៉ាងណាក៏ត្រូវដើរផ្លូវត្រង់ដែរ កុំសុខចិត្តប្រថុយប្រថានល្មើសច្បាប់រហូតអស់អនាគតបែបនេះ មិនគួរសោះឡើយ។



