ប៉ុន្មានថ្ងៃនេះ នៅតាមផ្លូវស្ងាត់ជ្រងំ រកតែភ្ញៀវម្នាក់គ្មាន ហាងក៏លក់ដូរលែងរួចខ្លួន រហូតទល់ច្រកមានតែរៀបចំអីវ៉ាន់បិទហាង។ ខំចាកចេញពីស្រុកកំណើត មកសង្ឃឹមរកស៊ីតូចតាចនៅស្រុកគេ ដើម្បីបានកម្រៃបន្តិចបន្តួចដោះស្រាយជីវភាព ប៉ុន្តែចុងក្រោយបែរជាមកជួបរឿងឈឺក្បាលក្តៅក្រហាយបែបនេះទៅវិញ។

តាមពិតទៅ យើងធ្វើអាជីវកម្មរហូតដល់ផុតកិច្ចសន្យាជួលត្រឹមត្រូវតាមច្បាប់។ ប៉ុន្តែដល់ពេលត្រូវរើចេញ ម្ចាស់ផ្ទះប្រកែកដាច់អត់ព្រមសងប្រាក់កក់វិញឡើយ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែម៉ាស៊ីនត្រជាក់ដែលយើងចំណាយលុយទិញខ្លួនឯង និងសម្ភារក្នុងហាងមួយចំនួន ក៏គេមិនឲ្យដឹកចេញដែរ។ ចុងក្រោយគ្មានជម្រើស មានតែប្តឹងប៉ូលិស ប៉ុន្តែពេលប៉ូលិសមកដល់ តវ៉ាគ្នាចុះឡើងៗនិយាយគ្នាមិនត្រូវ ទីបំផុតប៉ូលិសក៏ជួយដោះស្រាយអ្វីមិនកើតដែរ។

អ្នកណាក៏ដូចអ្នកណា ចាកចេញពីស្រុកមកប្រថុយប្រថាននៅឯនាយសមុទ្រ គឺគ្រាន់តែចង់បានជីវិតមួយស្ងប់សុខ និងចំណូលសមរម្យប៉ុណ្ណោះ។ ខំប្រកែកតវ៉ាជាមួយគេរហូតដល់ទីបញ្ចប់ ទើបគេព្រមឲ្យដឹកម៉ាស៊ីនត្រជាក់ចេញ ឯប្រាក់កក់វិញគឺត្រូវបាត់បង់ទាំងស្រុង យកមកវិញមិនបានឡើយ ព្រោះតែខ្ជិលដេញដោលតទៅទៀត។ ជួបរឿងបែបនេះពិតជាហួសចិត្ត និងឈឺចាប់ខ្លាំងណាស់។ ខ្ញុំក៏ចង់ផ្តាំផ្ញើទៅកាន់បងប្អូនដែលត្រៀមខ្លួនមកបណ្តាក់ទុន ឬរកស៊ីនៅទីនេះ សូមពិនិត្យមើលឲ្យបានច្បាស់លាស់ពេលកក់ប្រាក់ និងចុះកិច្ចសន្យា កុំឲ្យជួបរឿងខាតបង់ទាំងអយុត្តិធម៌ដូចរូបខ្ញុំ។