រឿងរ៉ាវនៅខេត្តឈុនបុរី ប្រទេសថៃ ប៉ុន្មានថ្ងៃនេះមានរឿងភ្ញាក់ផ្អើលមួយកើតឡើង។ ប៉ូលិសបានចុះឆ្មក់ចូលផ្ទះវីឡាមួយខ្នងទាំងរំលងអធ្រាត្រ ជួយសង្គ្រោះស្រីៗជនជាតិចិន ៣ នាក់ និងឃាត់ខ្លួនប្រុសៗជនជាតិចិន ៤ នាក់។

រឿងរ៉ាវផ្ដើមចេញពីស្ត្រីរងគ្រោះម្នាក់ បានលួចផ្ញើសារសុំជំនួយតាម WeChat ទៅផ្ទះនៅស្រុកចិន ដោយប្រាប់ថាខ្លួនត្រូវគេឃុំឃាំង និងបានផ្ញើទីតាំងឲ្យគ្រួសារមើល។ ភ្លាមៗពេលទទួលបានដំណឹង ប៉ូលិសបានដឹកនាំកម្លាំងជាង ២០ នាក់ ចុះទៅដល់កន្លែងកើតហេតុភ្លែត។

ពេលចូលដល់ក្នុងផ្ទះ នៅជាន់ផ្ទាល់ដី ប៉ូលិសប្រទះឃើញស្ត្រី ២ នាក់ និងបុរសម្នាក់។ លុះឡើងទៅជាន់លើ ក៏ជួបបុរស ៣ នាក់ទៀត រួចចុងក្រោយទើបរកឃើញស្ត្រីរងគ្រោះម្នាក់ទៀតនៅក្នុងបន្ទប់គេង។ នាងពាក់ខោអាវដេក ក្នុងស្ថានភាពល្ហិតល្ហៃ និងភ័យខ្លាចយ៉ាងខ្លាំង។ ឮថាពួកនាងត្រូវគេបោកឱ្យមកធ្វើការ តែដល់ពេលមកដល់ បែរជាត្រូវគេឃុំខាំង និងរំលោភបំពានផ្លូវភេទទៀតផង ដែលរឿងនេះប៉ូលិសកំពុងបន្តស្រាវជ្រាវបកស្រាយ។

នៅក្នុងផ្ទះនោះ ប៉ូលិសរកឃើញច្រវាក់ដែក សំបកស្រោមអនាម័យ និងសម្ភារពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួន។ លើសពីនេះ ទូរស័ព្ទរបស់ជនសង្ស័យម្នាក់ ក៏មានលាក់រូបថតអាសអាភាសអាក្រក់មើលជាច្រើន។ ប្រុសៗទាំង ៤ នាក់នោះ សុទ្ធតែគ្មានលិខិតឆ្លងដែនទេ មើលទៅប្រហែលជាលួចឆ្លងដែនខុសច្បាប់មក។ ឥឡូវនេះ ប៉ូលិសកំពុងរៀបចំភស្តុតាង ដើម្បីចាត់ការតាមច្បាប់ និងស្រាវជ្រាវមើលថា មានអ្នកណាផ្សេងទៀតពាក់ព័ន្ធក្នុងរឿងនេះឬអត់។