តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP អង្គការប៉ូលិសអន្តរជាតិ (Interpol) ទើបតែបានបង្កើតយន្តការថ្មីមួយ មានឈ្មោះថា "ការជូនដំណឹងពណ៌ប្រាក់" (Silver Notice)។ កាលពីមុន ពេលសមត្ថកិច្ចដេញចាប់ក្តីឆ្លងដែន គឺចេះតែតាមរកតែមនុស្ស ប៉ុន្តែដល់ពេលចាប់បានខ្លួន លុយកខ្វក់ទាំងនោះត្រូវគេផ្ទេរបន្តរាប់ជុំបាត់ដានអស់ទៅហើយ។ គេថាកាលពីមុន លុយកខ្វក់លើសពី ៩០ភាគរយ គឺមិនអាចតាមទារយកមកវិញបានឡើយ។ ប៉ុន្តែ ចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ វិធីសាស្ត្រថ្មីនេះនឹងត្រូវដាក់ឱ្យសាកល្បងប្រើប្រាស់នៅតាមប្រទេសជាច្រើន ដោយតម្រូវឱ្យប៉ូលិសសហការគ្នា តាមដានលុយស្រស់ដែលលាក់ទុក លុយឌីជីថល (Crypto) ឡានស៊េរីទំនើប និងអចលនទ្រព្យផ្សេងៗ។

របៀបធ្វើការថ្មីនេះ គឺប្តូរពីការតាមចាប់តែមនុស្ស មកជាការផ្តាច់ដង្ហើមហិរញ្ញវត្ថុនៃក្រុមរកស៊ីខុសច្បាប់តែម្តង។ ពួកខិលខូចដែលរកស៊ីក្នុងផ្លូវងងឹតឆ្លងដែន កាលពីមុនធ្លាប់តែគិតថា ឱ្យតែប្តូរលុយទៅជាលុយឌីជីថល ឬយកទៅទិញផ្ទះនៅបរទេស គឺអាចដេកពាក់ភួយកើយខ្នើយស្កប់ស្កល់ហើយ ប៉ុន្តែឥឡូវនេះ ឱ្យតែស្រាវជ្រាវឃើញថាជាលុយបានមកពីបទល្មើស ប៉ូលិសតាមប្រទេសនីមួយៗនឹងចាប់ដៃគ្នាតាមស្វែងរក និងរឹបអូសយកវិញភ្លាមៗ មិនងាយនឹងរក្សាទ្រព្យសម្បត្តិខុសច្បាប់ទាំងនោះបានទៀតឡើយ។

នៅស្រុកយើងសព្វថ្ងៃ ជួនកាលយើងតែងតែឃើញក្មេងៗមួយចំនួន មិនឃើញធ្វើការអីសោះ ប៉ុន្តែជិះឡានទំនើបៗ រស់នៅក្នុងខុនដូថ្លៃៗ ហើយតាមហាងកាហ្វេក៏តែងតែមានគេនិយាយដើមគ្នាដែរថា អាមួយនោះ ឬមីមួយនោះ យកលុយកខ្វក់ទៅលាងធ្វើជាលុយឌីជីថលអស់ហើយ។ កាលពីមុន ម្នាក់ៗគិតថា រឿងឆ្លងដែនបែបនេះមានរំលងរាប់តង់ គ្មានអ្នកណាតាមស្វែងរកឃើញទេ។ ប៉ុន្តែ ដល់ពេលមានបទបញ្ជាតាមដានទ្រព្យសម្បត្តិថ្មីនេះចេញមក អ្នកដែលប្រព្រឹត្តបទល្មើស ហើយអង្គុយធ្វើស៊ីលាងលុយតាមបន្ទប់ជួល ប្រាកដជាដេកមិនលក់ បែកញើសស្កេកស្កះជាមិនខាន។