កាលពីព្រឹកព្រលឹមថ្ងៃនេះ លោក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យផ្ទាល់ដល់ឃ្លាំងតម្កល់វត្ថុតាងរបស់ស្នងការដ្ឋាន។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការក្តៅគគុក បង្ក្រាប និងបំបែកសម្បុកឆបោកតាមប្រព័ន្ធអេឡិចត្រូនិកជាបន្តបន្ទាប់នៅទូទាំងរាជធានីភ្នំពេញនាពេលថ្មីៗនេះ លោកស្នងការបានចុះទៅត្រួតពិនិត្យ និងរាប់ចំនួនវត្ថុតាងទាំងអស់ដែលបង្ក្រាប និងដកហូតបាន។

នៅក្នុងឃ្លាំង មានសម្ភាររៀបកកកុញ។ ទោះបីជាខាងអាជ្ញាធរមិនទាន់បានបញ្ចេញបញ្ជីរាយនាមលម្អិតក៏ដោយ ប៉ុន្តែអ្នកដែលតាមដានព័ត៌មានក្នុងស្រុកប្រាកដជាដឹងហើយថា របស់របរដែលរឹបអូសបានពីសម្បុកក្រុមឆបោកអនឡាញទាំងនោះ មានតែប៉ុន្មានមុខហ្នឹងឯង៖ កុំព្យូទ័រតម្រៀបគ្នារៀបជួរ ទូរស័ព្ទពេញតុ ស៊ីមកាតរាប់រយ និងឧបករណ៍អ៊ីនធឺណិតគ្រប់ប្រភេទ។ កាលពីមុន របស់អស់ទាំងនេះត្រូវគេលាក់ទុកក្នុងអគារជួល និងតាមទីតាំងផ្សេងៗ ប៉ុន្តែក្រោយពេលរ៉ាវបំបែករួច ត្រូវកម្លាំងសមត្ថកិច្ចរៀបដាក់កេសដឹកយកមកតម្កល់ទុកក្នុងឃ្លាំងវត្ថុតាងទាំងអស់។

និយាយពីយុទ្ធនាការបង្ក្រាបក្រុមឆបោកអនឡាញនៅភ្នំពេញបច្ចុប្បន្ន គឺធ្វើឡើងក្តៅគគុកមែនទែន។ នៅតាមផ្លូវ គេឧស្សាហ៍ឃើញឡានប៉ូលិសបើកកាត់ ហើយតាមតូបតែកាហ្វេលក់ដូរតាមចិញ្ចើមផ្លូវ ក៏មានអ្នកស្រុកអង្គុយជជែកគ្នាក្រែកៗពីរឿងអគារនេះអគារនោះត្រូវប៉ូលិសចុះឡោមព័ទ្ធ និងបិទឃ្លុំបេ។ ផ្ទះជួលខ្លះដែលកាលពីមុនធ្លាប់តែអ៊ូអរនៅពេលយប់ ឥឡូវនេះងងឹតឈឹងតែម្តង។ ការដែលលោកស្នងការចុះទៅពិនិត្យឃ្លាំងវត្ថុតាងដោយផ្ទាល់បែបនេះ បង្ហាញឱ្យឃើញថា យុទ្ធនាការបោសសំអាតបទល្មើសឆបោកអនឡាញមួយនេះ នៅតែបន្តធ្វើឡើងយ៉ាងម៉ឺងម៉ាត់ និងមិនទាន់ថមថយដៃឡើយ។