កាលពីថ្ងៃទី២១ និង២២ ខែកញ្ញា ក្រសួងព័ត៌មានបានប្រមូលផ្តុំអ្នកសារព័ត៌មានជិត ៨០នាក់ ដោយមានស្ថាប័នព័ត៌មានចំនួន ៣៩ និងអ្នកកាសែតសរុប ៧៤នាក់ ដែលក្នុងនោះពាក់កណ្តាលជាអ្នកសារព័ត៌មានក្នុងស្រុក និងពាក់កណ្តាលទៀតជាអ្នកសារព័ត៌មានបរទេស។ ក្រុមអ្នកកាសែតបានធ្វើដំណើរហាលក្ដៅ ពីខេត្តព្រៃវែង រហូតដល់ខេត្តស្វាយរៀង រួចទើបបត់ត្រឡប់មកភ្នំពេញវិញ។ តើពួកគេទៅធ្វើអី? គឺចុះទៅមើលផ្ទាល់នៅទីតាំងឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (អនឡាញ) ចាស់ៗ ដែលអាជ្ញាធរធ្លាប់បានបង្រ្កាប និងបិទទ្វារចោលនាពេលកន្លងមក។

កាលពីមុន កន្លែងទាំងនោះមានការការពារយ៉ាងតឹងរ៉ឹង ជញ្ជាំងខ្ពស់ៗបន្លាលួសជុំវិញ ហើយយប់ឡើងភ្លើងភ្លឺចាំងៗ រហូតអ្នកលក់ដូរតាមផ្លូវ លក់កាហ្វេទឹកកក ឬលក់មីឆា នៅជិតៗនោះ ស្ទើរតែមិនហ៊ានចូលជិតផង។ ប៉ុន្តែលើកនេះ ទ្វារត្រូវបានបើកឲ្យអ្នកកាសែតចូលទៅថតរូប ដោយនៅក្នុងអគារត្រូវគេដឹកអីវ៉ាន់ចេញអស់រលីង សល់តែតុទូ និងកៅអីចាស់ៗបាក់បែក ដែលយករកមិនកើតប៉ុណ្ណោះ។ ការដែលអាជ្ញាធរនាំអ្នកកាសែតទៅមើលដោយផ្ទាល់បែបនេះ គឺក្នុងបំណងបង្ហាញយ៉ាងច្បាស់ៗទៅខាងក្រៅ ពីសកម្មភាព និងចំណាត់ការក្តៅក្នុងការលុបបំបាត់ទីតាំងឆបោកទាំងនោះ។

ការចុះទៅមើលទីតាំងផ្ទាល់នេះ គ្រាន់តែជាកិច្ចបើកឆាកសម្រាប់ព្រឹត្តិការណ៍ធំដែលត្រូវបន្តបន្ទាប់ប៉ុណ្ណោះ។ ព្រោះនៅថ្ងៃទី២៣ និង២៤ ខែកញ្ញា ទីក្រុងភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិស្តីពីការបង្រ្កាបការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដោយមានតំណាងមកពីជាង ២០ ប្រទេស និងអង្គការអន្តរជាតិចំនួន ៣ ចូលរួម។ ពីរថ្ងៃនេះ បរិយាកាសនៅតាមដងផ្លូវមើលទៅរៀបរយ និងតឹងរ៉ឹងជាងមុន ដោយមានប៉ូលិសឈរយាម និងល្បាតនៅតាមស្តុបច្រើនជាងធម្មតា។ ឯនៅក្នុងសណ្ឋាគារធំៗ បន្ទប់ម៉ាស៊ីនត្រជាក់កំពុងប្រជុំជជែកពីរឿងធំ ចំពេលដែលអ្នកស្រុកអ្នកភូមិនៅតាមតូបលក់ដូរ រកចាំមើលថា តើលើកនេះនឹងមានវិធានការការទប់ស្កាត់លទ្ធផលពិតប្រាកដបែបណាខ្លះ។