នៅព្រឹកថ្ងៃទី១៨ ប្រហែលម៉ោង ១១ ជាង រថយន្តនគរបាលជាច្រើនគ្រឿងបានបើកទៅបិទច្រកចូលផ្ទះជួលមួយខ្នង នៅក្នុងភូមិ Houaxae ស្រុក Bachiang ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ ការចុះឆែកឆេរភ្លាមៗនេះ ធ្វើឡើងដោយកម្លាំងនគរបាលគ្រប់គ្រងជនបរទេសនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអាជ្ញាធរស្រុក និងភូមិ បន្ទាប់ពីទទួលបានតម្រុយពីប្រជាពលរដ្ឋ រហូតឈានទៅដល់ការបំបែកបណ្តាញប្រព្រឹត្តបទល្មើសតាមប្រព័ន្ធកុំព្យូទ័រមួយកន្លែង។
នៅក្នុងផ្ទះកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ២២ នាក់ ក្នុងនោះមានស្រ្តីម្នាក់។ ពិនិត្យមើលក្នុងផ្ទះជួលនោះ លើតុពេញទៅដោយឧបករណ៍សម្ភារប្រព្រឹត្តបទល្មើស រួមមានកុំព្យូទ័រលើតុ ៤៩ គ្រឿង, ក្បាលម៉ាស៊ីនកុំព្យូទ័រ ២៧ គ្រឿង, ទូរស័ព្ទដៃគរដូចភ្នំរហូតដល់ ២៣៧ គ្រឿង ព្រមទាំងឧបករណ៍សម្រួល និងផ្គត់ផ្គង់ចរន្តអគ្គិសនីចំនួន ៧ គ្រឿងទៀត។
ធម្មតា ផ្ទះជួលលួចលាក់ប្រភេទនេះ មើលពីក្រៅទៅស្ងាត់ជ្រងំ វាំងននបិទជិតឈឹងដូចគ្មានមនុស្សរស់នៅ ប៉ុន្តែខាងក្នុងវិញ បើកម៉ាស៊ីនត្រជាក់ខ្លាំង និងមានម៉ាស៊ីនរាប់សិបគ្រឿងកំពុងដំណើរការយ៉ាងសកម្មនៅក្នុងងងឹត។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បច្ចុប្បន្ន ករណីនេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត និងប្រមូលភស្តុតាងនៅឡើយ។ ចំពោះតួនាទីរបស់ជនជាតិចិនទាំង ២២ នាក់នេះ ថាអ្នកណាជាអ្នកទាញម៉ូយ អ្នកណាជាអ្នកបញ្ជា និងប្រើល្បិចបោកប្រាស់របៀបណា អស់លុយប៉ុន្មាន ឬនរណាខ្លះជាជនរងគ្រោះនោះ ខាងផ្លូវការមិនទាន់បានបញ្ចេញនៅឡើយទេ ដោយត្រូវរង់ចាំការផ្ទៀងផ្ទាត់ និងប្រមូលតម្រុយបន្ថែម។
អ្នកជិតខាងនៅក្បែរនោះបាននិយាយថា កន្លងមក ពួកគាត់គ្រាន់តែឃើញមុខចម្លែកៗដើរចេញដើរចូលប៉ុណ្ណោះ រហូតដល់ឃើញឡានប៉ូលិសជិះសាយរ៉េនចូលមកក្នុងភូមិ ទើបដឹងថាកន្លែងហ្នឹងជាជម្រកក្រុមឆបោក ហើយត្រូវសមត្ថកិច្ចចុះបង្ក្រាបបានបែបនេះ។




